នាយក​រដ្ឋមន្ត្រី​បញ្ជា​មេដឹកនាំ​ខេត្ត​ស្តាប់​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​តាម​Video Conference

December 28, 2009 in Local News, Politics by WeaseLey

ដោយ លាង ដឺលុច  (Radio France Internationale)

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 28/12/2009 កែប្រែ​លើក​ចុង​ក្រោយ​កាល​ពីថ្ងៃទី  28/12/2009 12:15 ម៉ោងសកល

ប្រមុខ ​រដ្ឋាភិបាល​កម្ពុជា​ទើប​ថ្លែង​នៅ​ថ្ងៃ​ចន្ទ​នេះ បញ្ជា​អោយ​មាន​ការរៀបចំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​មួយ​ដែល​បំពាក់​ដោយ​ ប្រព័ន្ធ​បច្ចេកវិទ្យា​វីដេអូ Conference ដើម្បី​អនុញ្ញាត​អោយ​អភិបាល​ខេត្ត និង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​ចូល​រួម​តាម​ដាន​កិច្ច​ប្រជុំ​ដ៏​ សំខាន់​នេះ​ដែរ។ លោក​នាយក​រដ្ឋមន្ត្រី​ពន្យល់​ថា ធ្វើ​យ៉ាង​នេះ​គឺ​ដើម្បី​ចំណេញ​ពេលវេលា និង​ដើម្បី​អោយ​អាជ្ញាធរ​ខេត្ត​យល់​ច្បាស់​នូវ​ខ្លឹមសារ​កិច្ច​ប្រជុំ​ គណៈរដ្ឋមន្ត្រី។

លោក ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ស្នើ​អោយ​មាន​ការរៀបចំ​ជា​បន្ទាន់​នូវ​ប្រព័ន្ធ​ប្រជុំ​គណៈរដ្ឋមន្ត្រី​ ដែល​អនុញ្ញាត​អោយ​អភិបាល អភិបាលរង​ខេត្ត និង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​អាច​ចូលរួម​ស្តាប់​ការ​ប្រជុំ​ គណៈរដ្ឋមន្ត្រី​ដែល​បាន​ប្រព្រឹត្ត​​ទៅជា​ប្រចាំ​នៅ​រៀងរាល់​ថ្ងៃ​សុក្រ។ ការ​ធ្វើ​បែប​នេះ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​អះអាង​ថា វា​ចំណេញ​ពេលវេលា​ក្នុងការ​ផ្សព្វផ្សាយ​សេចក្តី​សំរេច​របស់​រដ្ឋាភិបាល​ផង ហើយ​ក៏​ងាយ​ស្រួល​ក្នុង​ការ​ទាក់ទង​សួរ​ឆ្លើយ​ឆ្លង​គ្នាលើ​បញ្ហា​មួយ​ចំនួន​ ដែល​នាយក​រដ្ឋមន្ត្រី​ត្រូវ​ការព័ត៌មាន​ពីថ្នាក់​ខេត្ត​ភ្លាមៗ​សំរាប់​ការ​ ប្រជុំ​ដែរ។លោក ហ៊ុន សែន ​បាន​លើក​ឡើង​អំពី​របៀប​ប្រជុំ​ថ្មី​នេះ នៅព្រឹក​ថ្ងៃ​ចន្ទ​នេះ ក្នុង​ពិធី​សម្ពោធ​កំណាត់​ផ្លូវជាតិ​ពីច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​មក​ ទីក្រុង​សៀមរាប។ ពីលើ​វេទិកា​សម្ពោធ​ផ្លូវ លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​បញ្ជា​អោយ​អភិបាល​ខេត្ត និង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ត្រូវ​មក​អង្គុយ​ស្តាប់​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​សាលា​ខេត្ត​របស់​ ខ្លួន​រៀងរាល់​ថ្ងៃ​សុក្រ ហើយ​នឹង​ត្រូវ​ចូល​រួម​ផ្តល់​យោបល់ និង​ព័ត៌មាន​នៅពេល​ដែល​នាយក​រដ្ឋមន្ត្រី​ត្រូវការ។

វាជាភាព​ទំនើប​មួយ ពិត​មែន​ហើយ​ សំរាប់​រដ្ឋាភិបាល​កម្ពុជា នេះ​បើតាម​ការ​អត្ថាធិប្បាយ​របស់​លោក ធន សារាយ​ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក។ ប៉ុន្តែ​លោក​ ធន សារាយ​ ថ្លែង​ថា លោក​មិន​ដែល​ឃើញ​មាន​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ណា មាន​ការចូលរួម​ដោយ​ផ្ទាល់​ពី​ថ្នាក់​ខេត្ត​យ៉ាង​ដូច្នេះ​ទេ។ ទោះ​យ៉ាង​ណា សំរាប់​ប្រធាន​សមាគម​សិទ្ធមនុស្ស​រូប​នេះ វា​មាន​ផល​វិជ្ជមាន និង​ផល​អវិជ្ជមាន​ខ្លះ​ដែរ ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​ដែល​អនុញ្ញាត​អោយ​មាន​ការចូលរួម​ពី​ថ្នាក់​ ខេត្ត។ វិជ្ជមាន​ត្រង់ថា ពីពេលនេះ​ទៅ ថ្នាក់​ដឹកនាំ​ខេត្ត​នឹង​យល់​ច្បាស់​អំពី​វិធានការ ឬ​សេចក្តី​សំរេច​របស់​រដ្ឋាភិបាល​តាម​រយៈ​ការ​ស្តាប់​ឮ​ការពិភាក្សា​របស់​ គណៈរដ្ឋមន្ត្រី។ វា​ជា​ការបង្កើន​សមត្ថភាព​ការ​អនុវត្តន៍​សេចក្តី​សំរេច​របស់​រដ្ឋាភិបាល​ ដែរ។ ប៉ុន្តែ​វា​មាន​ចំណុច​អវិជ្ជមាន​នៅត្រង់​ថា មិនអាច​គ្រប់​រឿង​នៅ​ថ្នាក់​ជាតិ ត្រូវតែ​ពាក់ព័ន្ធ​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន​ទាំងអស់​នោះ​ទេ ដូច​ជា​រឿង​ថវិកា​ជាតិ​ជាដើម។ លោក ធន សារាយ បន្តថា ការ​ចូលរួម​របស់​ថ្នាក់​ខេត្ត​ទៅ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ក៏​ ធ្វើ​អោយ​ខាតបង់​ពេលវេលា​របស់​អាជ្ញាធរ​ខេត្ត​ក្នុង​ការបំពេញ​ការងារ​ មូលដ្ឋាន​របស់ខ្លួន​ទៀត ពីព្រោះ​ពួក​គេ​ត្រូវ​រង់ចាំ​ត្រៀម​ផ្តល់​ព័ត៌មាន​រហូត៕