ថាក់ស៊ីន​ជម្រុញ​ឲ្យ​កម្ពុជា​នាំ​ចេញ​ស្រូវ

December 15, 2009 in Business, Local News by WeaseLey

(Radio France Internationale)

ដោយ លី ម៉េងហួរ

អត្ថបទ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី 15/12/2009 កែប្រែ​លើក​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី  15/12/2009 13:12 ម៉ោងសកល

ដំណើរ ​ទៅ​កាន់​ប្រទេស​កម្ពុជា​ជា​លើក​ទី​២​ក្នុង​នាម​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់ ​​រដ្ឋាភិបាល​​​កម្ពុជា នៅ​ថ្ងៃ​នេះ លោក​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាន​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​​កម្ពុជា​បង្កើន​លទ្ធភាព​ដើម្បី​ផលិត​ដំណាំ​ កសិកម្ម ពិសេស ការ​បង្ក​បង្កើន​ផល​ស្រូវ។ ស្រូវ អង្ករ​ដែល​កម្ពុជា​នៅ​ឆ្នាំ ២០១០ អាច​សល់​សម្រាប់​ការ​នាំ​ចេញ​ប្រមាណ ២,៦៤ លាន​​តោន និង​បើ​គិត​ជា​ប្រាក់​ប្រមាណ ១ ពាន់​លាន​ដុល្លារ។

គឺ ​ជា​គំនិត​ផ្តួច​ផ្តើម​ថ្មី​របស់​លោក​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ដែល​បាន​លើក​ឡើង​​ក្នុង​កិច្ច​ប្រជុំ​ជាង ៣​ម៉ោង​ស្តី​ពី​ការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​វិមាន​រាជរដ្ឋាភិបាល​ កម្ពុជា ចំពោះ​មុខ​អ្នក​ជំនាញ​សេដ្ឋកិច្ចជាតិ​ប្រមាណ​៣០ រូប​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី ១៥​ ធ្នូ ឆ្នាំ​២០០៩។ ក្នុង​បរិបទ​នៃ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​បច្ចុប្បន្ន រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​ការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម រឹត​តែ​មាន​សារៈ​សំខាន់​ខ្លាំង និង​ជា​អាទិភាព​​ខ្ពស់​ថែម​ទៀត ដើម្បី​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ កម្ពុជា។ កម្ពុជា​ដែល​មាន​សក្តានុពល​ខ្លាំង​ក្នុង​វិស័យ​កសិកម្ម និង​មិន​ទាន់​បាន​ទាញ​យក​ប្រយោជន៍​ឲ្យ​បាន​ដល់​កម្រិត​អតិបរិមា ហើយ​ផលិតផល​កសិកម្ម​កំពុង​មាន​តម្រូវ​ការ​ខ្ពស់​នៅ​ក្នុង​ទីផ្សារ​តំបន់ និង​អន្តរជាតិ។

ដើម្បី ​សម្រេច​បាន​ការ​បង្កើន​ផលិត​ភាព​វិស័យ​កសិកម្ម លោក ថាក់ស៊ីន បាន​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​ប្រាក់​កម្ចី​ឥណទាន​ខ្នាត​តូច​ដល់ ​​កសិករ​​ខ្មែរ​​ក្រី​​ក្រ ដើម្បី​​​បង្ក​​បង្កើន​​​​ផល​កសិ​កម្ម​ជា​លក្ខណៈ​គ្រួសារ ក្នុង​បំណង​រក្សា​ឲ្យ​បាន​នូវ​សន្តិសុខ​ស្បៀង និង​អាច​សល់​ផលិតផល​កសិកម្ម ជាពិសេស សល់​ស្រូវ​សម្រាប់​ការ​នាំ​ចេញ។ ក្នុង​កិច្ច​ប្រជុំ​ពិសេស​ជាមួយ​នឹង​លោក ថាក់ស៊ីន នៅ​ព្រឹក​មិញ លោក ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​លើក​ឡើង​ថា សម្រាប់​ឆ្នាំ​២០១០​នេះ​ ការ​បង្ក​បង្កើន​​​ផល​ស្រូវ​នៅ​ប្រទេស​កម្ពុជា​ទទួល​បាន​ជាង ៧,៣ លាន​តោន។ ពោល​គឺ​កម្ពុជា មាន​​​សន្តិសុខ​​ស្បៀង​​គ្រប់​គ្រាន់ និង​អាច​សល់​ស្រូវ​ដែល​គិត​ជា​អង្ករ សម្រាប់​ការ​នាំ​ចេញ​ប្រមាណ ២,៦៤ លាន​តោន ស្មើ​ប្រមាណ ១ ពាន់​លាន​ដុល្លារ។

សេចក្តី​ប្រកាស​របស់​ឧត្តម​ ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​នៅ​ថ្ងៃ​នេះ ក៏​បាន​លើក​ឡើង​ថា លោក ថាក់ស៊ីន ក៏​បាន​សន្យា​ជួយ​ថវិកា​ដើម្បី​​ធ្វើ​​កសិដ្ឋាន​គំរូ​ពីរ សម្រាប់​បង្ហាញ​ជូន​ដល់​ប្រជាកសិករ​អំពី​បច្ចេកទេស​នៃ​ការ​ធ្វើ​កសិដ្ឋាន​ លក្ខណៈ​គ្រួសារ។ ជា​យុទ្ធសាស្ត្រ​ដែល​លោក​ថាក់ស៊ីន ទទួល​បាន​ជោគជ័យ​នៅ​ប្រទេស​ថៃ​កន្លង​មក។ បន្ទាប់​ពី​ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​ផ្ទាល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ទីប្រឹក្សា​​រដ្ឋាភិបាល​កម្ពុជា​ផ្នែក​សេដ្ឋកិច្ច លោក ថាក់ ស៊ីន បាន​ធ្វើ​បាឋកថា​នៅ​កម្ពុជា​ម្តង​ហើយ​កាល​ពី​ថ្ងៃ​ទី ១៣ វិច្ឆិកា ឆ្នាំ២០០៩៕