ចំនួនអ្នកឆ្លងមេរោគផ្ដាសាយA(H1N1)កើនឡើងដល់៤៨៧នាក់
December 10, 2009 in Health by WeaseLey
(Radio Free Asia)
ដោយ សុខ សេរី
2009-12-10
មន្រ្តី ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា ចំនួនអ្នកឆ្លងមេរោគផ្ដាសាយប្រភេទថ្មី A(H1N1) នៅកម្ពុជា បានកើនដល់៤៨៧នាក់ហើយ បើប្រៀបធៀបនឹងសប្ដាហ៍កន្លងទៅថ្មីៗនេះ។
អនុប្រធាននៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល កម្ពុជា លោក លី សូវ៉ាន់ បានមានប្រសាសន៍បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីនៅថៃ្ងព្រហស្បតិ៍ ១០ ធ្នូនេះថា ប្រជាពលរដ្ឋដែលកំពុងតែកើតជំងឺផ្តាសាយ A(H1N1) នៅកម្ពុជា បានកើនទ្បើងចំនួន៤៨៧នាក់ហើយ បើប្រៀបធៀបទៅនឹងសប្តាហ៍កន្លងទៅថ្មីៗនេះ ដែលចំនួនតែ៤៨០នាក់តែប៉ុណ្ណោះ។ រីឯចំនួនប្រជាពលរដ្ឋបានស្លាប់ដោយសារជំងឺនេះនៅតែមានចំនួន៥នាក់ ដដែល។
លោក លី សូវ៉ាន់ បានមានប្រសាសន៍បន្តទៀតថា ថ្នាំវ៉ាក់សាំងបង្ការជំងឺផ្តាសាយ A(H1N1) ចំនួនជាង៣០ម៉ឺនដូស សន្យាផ្តល់ឲ្យដោយអង្គការសុខភាពពិភពលោក (WHO) នឹងមកដល់ប្រទេសកម្ពុជានៅដំណាច់ខែធ្នូ២០០៩នេះ។
ប្រភពដដែលបានបញ្ជាក់ថា គោលដៅសម្រាប់ការចាក់ថ្នាំវ៉ាក់សាំងចំនួនជាង៣០ម៉ឺនដូសនោះ គឺទី១ សម្រាប់ក្រុមគ្រូពេទ្យដែលធ្វើការងារជិតដិតជាមួយនឹងអ្នកជំងឺ ផ្តាសាយ A(H1N1) ទី២ សម្រាប់ស្រ្តីមានផៃ្ទពោះ និងទី៣ សម្រាប់កុមារដែលមានអាយុពី២ខែដល់២ឆ្នាំ។
ការចាក់ថ្នាំវ៉ាក់សាំងនោះ នឹងមិនយកកម្រៃអ្វីទេ។ ក្រសួងសុខភិបាលមានគម្រោងការស្នើសុំថ្នាំវ៉ាក់សាំងនោះបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋនានាដែលកើតជំងឺរ៉ាំរ៉ៃ៕

