តុលាការ​ក្រុង​ភ្នំពេញ​ផ្តន្ទា​ទោស ៧​ឆ្នាំ​លើ​ចារបុរស​ថៃ

December 8, 2009 in ជីវិត និង​សង្គម by WeaseLey

(Radio France Internationale)

ដោយ លី ម៉េងហួរ

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 08/12/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  08/12/2009 12:15 ម៉ោងសកល

តុលាការ ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ ទី ៨​ធ្នូ​នេះ បាន​សម្រេច​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​លើ​ចារបុរស​ថៃ​ចំនួន ៧​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល ស្មើ​ប្រមាណ ២៥០០​ដុល្លារ។ បុរស​ថៃ​ឈ្មោះ Siwarak Chothipong ជាប់​ចោទ​ពី​បទ​ផ្តល់​ព័ត៌មាន​ចារកម្ម ទៅ​ឲ្យ​រដ្ឋាភិបាល​ថៃ អំពី​ដំណើរ​របស់​លោក​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន មក​កម្ពុជា កាល​ពី​ថ្ងៃ​ទី ១០​វិច្ឆិកា កន្លង​មក។

គឺ ​ជា​សេចក្តី​សម្រេច បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ​បាន​បើក​សវនាការ ៥​ម៉ោង ដើម្បី​កាត់ទោស​បុរស​ជនជាតិ​ថៃ Siwarak Chothipong ដែល​ជាប់​ចោទ​ពី​បទ​ចារកម្ម លួច​ចំលង​ឯកសារ ស្តី​ពី​ជើង​យន្តហោះ​ឯកជន​របស់​លោក​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន មក​កាន់​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ ១០​វិច្ឆិកា។

ក្នុង​សេចក្តី​ សម្រេច​នៅ​មុន​នេះ​បន្តិច លោក​ចៅក្រម​កែ សាខន ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ដែល​មាន​ចៅក្រម ៣​រូប​បាន​ប្រកាស​ថា ចារបុរស​ថៃ Siwarak ពិត​ជា​មាន​ចេតនា​ទុច្ចរិត​ក្នុង​ការផ្តល់​ព័ត៌មាន​ពី​ជើង​យន្តហោះ​របស់​លោក ​ថាក់ស៊ីន មក​កាន់​ប្រទេស​កម្ពុជា ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​សន្តិសុខ​សាធារណៈ។ បុរស​ថៃ​នេះ ក៏​បាន​ទាក់ទង​តាម​ទូរស័ព្ទ ដើម្បី​ផ្តល់​ឯកសារ​ព័ត៌មាន​នេះ ទៅ​កាន់​លេខា​ទី ១​ស្ថានទូត​ថៃ​នៅ​ភ្នំពេញ​ពិត​មែន។

លោក​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា ខណៈ​ដែល​រដ្ឋាភិបាល​ថៃ​កំពុង​តាម​ចាប់​ខ្លួន។

ចំពោះ​សេចក្តី​សម្រេច​ ផ្តន្ទា​ទោស​បុរស​ចារកម្ម​ថៃ ៧​ឆ្នាំ​ត្រូវ​បាន​មេធាវី​រដ្ឋាភិបាល លោក ប៉ាល់ ច័ន្ទតារា ចាត់​ទុក​ជា​ការត្រឹមត្រូវ ដោយ​សំអាង​ថា សំណុំ​រឿង​ចារកម្ម​នេះ មាន​ភស្តុតាង​គ្រប់គ្រាន់។ ចំណែក​មេធាវី​ចារបុរស​ថៃ លោក​ខៀវ សំបូរ​មិន​ហ៊ាន​និយាយ​ថា ការផ្តន្ទា​ទោស​នេះ​ទទួល​យក​បាន ឬ​មិន​ទទួល​យក​បាន​ទេ។ ការប្តឹង​ឧទ្ទរណ៍ ឬ​ក៏​ត្រូវ​ស្នើ​សុំ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ លោក​មេធាវី​អះអាង​ថា មិន​ទាន់​ពិភាក្សា​ជាមួយ​កូន​ក្តី​នៅ​ឡើយ​ទេ។

ចារបុរស​ថៃ Siwarak អាយុ ៣១​ឆ្នាំ ជា​វិស្វករ បម្រើការ​នៅ​ក្រុមហ៊ុន​សេវាកម្ម​អាកាសចរណ៍​កម្ពុជា ហៅ​កាត់​ថា CATS ដែល​ជា​ក្រុមហ៊ុន​ត្រួត​ពិនិត្យ​រាល់​ជើង​ហោះហើរ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ បុរស​ថៃ​រូប​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ១២​វិច្ឆិកា ឆ្នាំ​២០០៩ គឺ ២​ថ្ងៃ បន្ទាប់​ពី​ដំណើរ​មក​ដល់​របស់​លោក​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន នៅ​កម្ពុជា។

ក្នុង​អង្គ​សវនាការ​នៅ​ថ្ងៃ​អង្គារ​នេះ ចារបុរស​ថៃ ស៊ីវ៉ារ៉ាក់ បាន​ប្រាប់​តុលាការ​ថា ខ្លួន​បាន​ឃើញ​តារាង​នៃ​ជើង​ហោះហើរ​យន្តហោះ​ឯកជន​របស់​លោក​អតីត​នាយក​ រដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន និង​បាន​ផ្តល់​ដំណឹង​នោះ​ទៅ​ដល់​លោក Kamrob Palawatwichai លេខា​ទី ១ ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា ក្រោយ​ពី​យន្តហោះ​ឯកជន CL 30 របស់​លោក​ថាក់ស៊ីន​បាន​ចុះចត​ដល់​ដី​ហើយ។

ក្នុង ​សវនាការ​នៅ​ព្រឹកមិញ មាន​បុគ្គលិក ២​រូប​របស់​ក្រុមហ៊ុន​សេវា​អាកាសចរណ៍​កម្ពុជា CATS បាន​ធ្វើជា​សាក្សី​នៅក្នុង​សវនាការ​តុលាការ​ក្រុង​ភ្នំពេញ ជាមួយ​នឹង​មន្ត្រី​ប៉ូលីស​ក្រសួង​មហាផ្ទៃ​ចំនួន ៥​រូប​ផ្សេង​ទៀត។ ក្នុង​នោះ​ក៏​មាន​ក្រុម​គ្រួសារ មន្ត្រី​ស្ថានទូត​ថៃ រួម​ទាំង​អ្នកកាសែត​ខ្មែរ និង​អ្នកកាសែត​ថៃ​ជាច្រើន​នាក់​ផ្សេង​ទៀត៕