ពន្ធលើប្រាក់បៀវត្សរ៍នឹងត្រូវអនុវត្តតឹងរ៉ឹងនៅឆ្នាំក្រោយ
November 28, 2009 in Local News by WeaseLey
(Radio France Internationale)
ដោយ គី សុខលីម
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 28/11/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 28/11/2009 12:03 ម៉ោងសកល
ប្រជាជន និងអង្គការសង្គមស៊ីវិលប្រតិកម្មទៅនឹងការតម្លើងពន្ធ និងការបង្កើតពន្ធថ្មីនៅឆ្នាំ ២០១០ខាងមុខនេះ។ ពន្ធទាំងនោះជារួមមាន ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធលើអចលនទ្រព្យ និងពន្ធលើមធ្យោបាយដឹកជញ្ជូន។
វិធានការណ៍បង់ពន្ធលើប្រាក់បៀវត្សរ៍នឹងចាប់ផ្តើមអនុវត្តន៍តឹងរ៉ឹងតាមផ្លូវច្បាប់ចាប់ពីឆ្នាំ ២០១០ខាងមុខនេះហើយ។
លោក ជាម យៀបប្រធានគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភាជាតិបាននិយាយប្រាប់នៅថ្ងៃសៅរ៍ទី ២៨ខែ វិច្ឆិកានេះថា ច្បាប់ដែលចែងអំពីការដកពន្ធលើប្រាក់ខែបានចូលជាធរមានតាំងពី ច្រើនឆ្នាំមកហើយ ប៉ុន្តែការអនុវត្តន៍ជាក់ស្តែងមិនទាន់ត្រូវបានធ្វើឡើងពិតប្រាកដនៅ ឡើយទេ នាពេលកន្លងមក។ ដូច្នេះ ចាប់ពីឆ្នាំក្រោយនេះ ការអនុវត្តន៍ត្រូវតែមានប្រសិទ្ធិភាពជាងមុន។
មន្ត្រីរាជការ មន្រ្តីអង្គការ និងបុគ្គលិកក្រុមហ៊ុនដែលមានប្រាក់ខែលើសពី ៥០ម៉ឺនរៀល ឬលើសពី ១២០ដុល្លារឡើងទៅនឹងត្រូវជាប់កាតព្វកិច្ចបង់ពន្ធ ប៉ុន្តែវិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះ នៅមិនទាន់រកបានការបំភ្លឺជុំវិញអត្រាបង់ពន្ធនៅឡើយទេ។
ការបង់ពន្ធ លើប្រាក់បៀវត្សរ៍ វាជារឿងមួយ ប៉ុន្តែប្រជាជនខ្មែរនៅជាប់កាតព្វកិច្ចបង់ពន្ធផ្សេងទៀតសម្រាប់ ឆ្នាំ ២០១០ខាងមុខនេះ។ ច្បាប់ថវិកាថ្មីសម្រាប់ឆ្នាំ ២០១០ដែលត្រូវពិភាក្សានៅរដ្ឋសភានៅថ្ងៃចន្ទខាងមុខនេះបានចែងអំពី ការយកពន្ធលើអចលនទ្រព្យ។ ផ្ទះ អគារ និងសំណង់ផ្សេងៗដែលសង់ភ្ជាប់នឹងដីមានតម្លៃលើសពី ២៥០០០ដុល្លារត្រូវបង់ពន្ធ ០,១ភាគរយប្រចាំឆ្នាំ។ ប៉ុន្តែច្បាប់ថវិកាឆ្នាំ ២០១០បានចែងច្បាស់ថា អចលនទ្រព្យជាដីកសិកម្មមិនយកពន្ធទេ។
ក្រៅអំពីពន្ធលើ អចលនទ្រព្យ និងពន្ធលើប្រាក់ប្រៀវត្សរ៍ រាជរដ្ឋាភិបាលនៅក្នុងច្បាប់ថវិកាឆ្នាំ ២០១០បានសម្រេចដំឡើងពន្ធផ្លូវលើយានយន្តយ៉ាងច្រើនសន្ធឹកសន្ធាប់។ សម្រាប់រថយន្តខ្លះ ពន្ធផ្លូវត្រូវកើនឡើងជាង ១០ដង។
លោកជាម យៀបប្រធានគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភាជាតិបានពន្យល់ថា ការរឹតបន្តឹងពន្ធនៅពេលនេះគឺ ដោយសារប្រទេសកម្ពុជាកំពុងរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ច។
អង្គការ សង្គមស៊ីវិល និងប្រជាជនសាមញ្ញមួយចំនួនប្រតិកម្មទៅនឹងនយោបាយពន្ធថ្មីនេះ។ លោករ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាបានប្រតិកម្មនៅថ្ងៃនេះថា ការតម្រូវអោយបង់ពន្ធ គឺជាគោលការណ៍ល្អ ប៉ុន្តែ សម្រាប់ដំណាក់កាលនេះ រដ្ឋត្រូវលុបបំបាត់ការចាយវាយខ្ជះខ្ជាយ និងលុបបំបាត់អំពើពុករលួយជាមុនសិន មុននឹងជំរិតពន្ធផ្សេងៗពីប្រជាពលរដ្ឋ។
លោកជា មុន្នីប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបាននិយាយថា ការប្រមូលពន្ធគឺជារឿងល្អ ប៉ុន្តែ លោកព្រមានទុកជាមុនថា ពន្ធនេះមិនត្រូវអនុវត្តតែទៅលើប្រជាជនទន់ខ្សោយនោះទេ រីឯអ្នកមានអំណាចរួចខ្លួនរហូត។
លោករ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា និងប្រជាជនដែលបានផ្តល់បទសម្ភាសន៍នៅថ្ងៃនេះបាននិយាយថា រដ្ឋាភិបាលមិនគួរចាប់ផ្តើមយកពន្ធព្រមគ្នានៅពេលនេះទេ ពីព្រោះទាំងប្រជាពលរដ្ឋធម្មតា ទាំងអ្នករកស៊ីកំពុងទទួលរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ច។ ដូច្នេ ការយកពន្ធនៅពេលនេះអាចធ្វើឲ្យជីវភាពរបស់ពួកគេកាន់តែលំបាកលំបិន ថែមទៀត៕

