សិស្ស និងមាតាបិតាត្អូញត្អែរមិន​ចូល​ចិត្ដ​គ្រូ​បង្រៀន​ឈ្នួល​ក្រៅ​ម៉ោង

November 27, 2009 in Local News by WeaseLey

(Radio Australia)

15:11:45, 28 November 2009

អាណាព្យាបាល និងសិស្សបាននាំគ្នាត្អូញត្អែរអំពីការលក់សំណៅមេរៀន ក្រដាសប្រឡង និងការបង្រៀនឈ្នួលក្រៅម៉ោង​របស់គ្រូបង្រៀនក្នុងសាលាព្រះមុន្នីវង្ស និង សាលាផ្សេងទៀតនៅក្នុងខេត្តបាត់ដំបង។ លោក សុខសាវី ធ្វើសេចក្តីរាយការណ៍ពិស្តារជូន។

បច្ចុប្បន្ននេះបើទោះជារដ្ឋាភិបាល បានដំឡើងប្រាក់បៀវត្សរ៍ជូនគ្រូបង្រៀនបានច្រើនជាងមុនបន្តិចក្តី ក៏បញ្ហាបង្រៀនកួរ លក់សំណៅមេរៀន ក្រដាសប្រឡង និង បញ្ហាខ្វះក្រមសីលធម៌គ្រូមួយចំនួននៅតែកើតឡើងយ៉ាងព្រោងព្រាតដដែល។

សិស្សថ្នាក់ទីប្រាំបីនៃវិទ្យាល័យព្រះមុន្នីវង្សសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ពួកគេត្រូវរៀនកួរស្ទើរគ្រប់មុខ បើមិនដូច្នេះទេ នឹងមិនអាចរៀនទាន់គេឡើយ។ បន្ថែមលើសពីនោះគ្រូខ្លះនឹងមិនអោយពិន្ទុច្រើន ឬហៅសួរច្រើនជាងគេជាដើម។

(សំឡេងសិស្សសាលា)

ប្អូនបាននិយាយថា ក្នុងការប្រឡងប្រចាំខែម្តងៗ គ្រូបានអោយកូនសិស្សទិញក្រដាសប្រឡងមួយសន្លឹកពីពីរទៅបីរយរៀល ដែលខុសពីមុន សិស្សអាចហែកក្រដាសសៀវភៅមកប្រឡងខ្លួនឯងបានហើយបន្ថែមពីនោះសិស្សខ្លះ​ដែលបានរៀនកួរទោះ​ជាមិនបានប្រឡង​ក៏បានពិន្ទុច្រើនដែរ។

(សំឡេងសិស្សសាលា)

សិស្សសាលានៃវិទ្យាល័យព្រះមុន្នីវង្សម្នាក់ទៀតបានត្អូញត្អែរថា ប្អូនបានមើលឃើញថាគ្រូមួយចំនួនមិនសូវ​យកចិត្តទុកដាក់បង្រៀន​ក្នុងម៉ោងរដ្ឋនោះទេ គាត់ប្រឹងប្រែងតែលើរៀនកួរដូច្នេះ​សិស្សគ្រប់រូបត្រូវបង្ខំចិត្តដើម្បី​រៀនកួរដូចគេដូចឯងបើទោះ​ជាជីវភាពឪពុកម្តាយ​របស់គេខ្លះ​ក្រខ្សត់យ៉ាងណាក៏ដោយ។

(សំឡេងសិស្សព្រះមុន្នីវង្ស)

លោក ស៊ុន លាប បាននិយាយថា កូនរបស់គាត់បានឈប់រៀនដោយសារតែលោកគ្រូបង្ខំកូនរបស់គាត់អោយរៀនកួរ។

(សំឡេងលោក ស៊ុន លាប)

អាណាព្យាបាលសិស្សផ្សេងទៀតបានត្អូញត្អែរបន្ថែម។

(សំឡេងអាណាព្យាបាលសិស្ស)

បញ្ហានេះ វិទ្យុអូស្រ្តាលី មិនអាចទំនាក់ទំនងលោកនាយកសាលាព្រះមុន្នីវង្សខេត្តបាត់ដំបងបាននោះទេ។ ទោះបីយ៉ាងណាក្តី លោកងី សែត ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបាត់ដំបងមានប្រសាសន៍ថា ក្រសួងគ្មានគោលការណ៍ណាអោយគ្រូ​បង្រៀនកួរឬលក់​សំណៅមេរៀន​នោះទេ។ លោកធ្លាប់បានប្រជុំជាមួយ​គ្រូច្រើនលើកច្រើនសា​ហើយពីបញ្ហានេះ។

(សំឡេងលោក ងី សែត )

លោក ងី សែត បានអំពាវនាវអោយគ្រូបង្រៀនពង្រឹងក្រមសីលធម៌របស់ខ្លួន និងមានការអធ្យាស្រ័យចំពោះសិស្សដែលក្រីក្រ៕