ក្រុមហ៊ុនរ៉ូយ៉ាល់ហ្គ្រូបទិញយកភាគហ៊ុនក្រុមហ៊ុនម៉ូប៊ីតែលផ្ដាច់មុខ
November 27, 2009 in Business, Local News by WeaseLey
(Radio Free Asia)
ដោយ មណ្ឌលកែវ
2009-11-27
ក្រុមហ៊ុន ទូរស័ព្ទចល័តម៉ូប៊ីតែល ០១២ ត្រូវបានគ្រប់គ្រងផ្តាច់មុខដោយក្រុមហ៊ុនរ៉ូយ៉ាល់ហ្គ្រូប (Royal Group) ចាប់ពីពេលនេះតទៅហើយ បន្ទាប់ពីក្រុមហ៊ុននេះបានទិញភាគហ៊ុនទាំងអស់ពីដៃគូវិនិយោគទុន បរទេសរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។
លោក គិត ធៀង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់ហ្គ្រូប បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅព្រឹកថ្ងៃទី២៧ វិច្ឆិកា ថា ដោយពិនិត្យឃើញទីផ្សារនៃមុខរបរទូរគមនាគមន៍មានការរីកចម្រើនល្អនិង មានសក្តានុពល ទើបក្រុមហ៊ុនរ៉ូយ៉ាល់ហ្គ្រូបសម្រេចទិញផ្តាច់ភាគហ៊ុនពីក្រុមហ៊ុន Millicom International Cellula នៃប្រទេសលុចហ្សំបួរ (Luxemburg) យកមកគ្រប់គ្រងតែម្តង។
លោក គិត ធៀង បានបញ្ជាក់ថា ៖ «គ្រាន់តែថា យើងរកស៊ីទៅ យើងចង់ទិញផ្ដាច់ពីខាង Partner(ដៃគូ)យើង វាជារឿងធម្មតាទេតើអាហ្នឹង ការរកស៊ី! ចុះយើងខ្មែរ យើងទិញរបស់នៅស្រុកខ្មែរ យើងទៅទិញនៅក្រៅធ្វើអី!»។
ការទិញភាគហ៊ុនដ៏ធំដែលពុំធ្លាប់មានកន្លងទៅនៅប្រទេសកម្ពុជា នេះបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ដោយក្រុមហ៊ុនរ៉ូយ៉ាល់ហ្គ្រូបដែលជាក្រុមហ៊ុនវិនិយោគទុនក្នុងស្រុក មួយគ្រប់គ្រងដោយឧកញ៉ា គិត ធៀង ជាមួយដៃគូវិនិយោគទុនបរទេសគឺក្រុមហ៊ុន Millicom International Cellular នៃប្រទេសលុចហ្សំបួរ ដែលមានភាគហ៊ុនរហូតដល់ទៅ៦១,៥% គិតជាទឹកប្រាក់គឺ៤២១លានដុល្លារអាមេរិកនោះ។
ប្រធានក្រុមហ៊ុន សំផាន់ណារិទ្ធិ ឌីវិលឡបមិន ហ្គ្រូប ខូអិលធីឌី (Samphanarith Development Group Co., Ltd.) មានប្រសាសន៍ថា ការទិញភាគហ៊ុនដ៏ធំរបស់ក្រុមហ៊ុនរ៉ូយ៉ាល់ហ្គ្រូបបង្ហាញថា វិនិយោគិនជាតិមានសក្តានុពលអាចធ្វើឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ច ជាតិបាន ៖ «អាហ្នឹងគឺជាភាពឈ្លាសវៃរបស់ខ្មែរយើងដែរ ភាពវៃឆ្លាតមួយសម្រាប់អ្នករកស៊ីនៅក្នុងប្រទេស ហើយគាត់ជាជនជាតិខ្មែរយើងផងដែរ។ គឺថាមោទនភាពណាស់ដែលខ្ញុំបានទទួលដំណឹងហ្នឹងណា៎! ដែលថា គាត់បានកាត់ភាគហ៊ុនពីបរទេសយកមកកាន់នៅក្នុងស្រុកខ្មែរយើងតែ ម្ដងហ្នឹង»។
ក្រុមហ៊ុនទូរស័ព្ទចល័តម៉ូប៊ីតែល ០១២ ជាក្រុមហ៊ុនដែលបាននាំចូលនូវប្រព័ន្ធបច្ចេកវិទ្យាសេវាកម្មបង់ ប្រាក់ជាមុន ដែលហៅថា ប្រព័ន្ធសេលកាត (Cell Card) មុនដំបូងគេនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុននេះមានភាគហ៊ុនក្នុងស្រុកចំនួន៣៨,៥% ដែលតំណាងដោយក្រុមហ៊ុនរ៉ូយ៉ាល់ហ្គ្រូប។
ប្រភពព័ត៌មានបានឲ្យដឹងថា ទឹកប្រាក់ចំនួន៤២១លានដុល្លារអាមេរិកដែលក្រុមហ៊ុនរ៉ូយ៉ាល់ហ្គ្រូប ប្រើប្រាស់ក្នុងការទិញភាគហ៊ុនពីក្រុមហ៊ុន Millicom International Cellular នៃប្រទេសលុចហ្សំបួរនេះ ត្រូវបានជួយសម្រួលពីធនាគារបរទេសធំៗចំនួនពីរគឺ Standard Bank Plc និងធនាគារ ANZ Group Limited៕

