ក្រសួងសុខាភិបាលចាប់ផ្តើមចុះបង្រ្កាបគ្លីនិក​ឯក​ជន​ខុស​ច្បាប់

November 27, 2009 in Health by WeaseLey

(Radio Australia)

15:11:38, 28 November 2009

មន្រ្តីក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រសួង បានចាប់ផ្តើមអនុវត្ត​ការពង្រឹងគុណភាពសេវាសុខាភិបាលផ្នែក​ឯកជននៅ​ទូទាំងប្រទេស​ឡើងវិញហើយ។ លោក សរ សុវណ្ណារ៉ា ធ្វើសេចក្តីរាយការណ៍ពី​រាជធានីភ្នំពេញមកថា ការពង្រឹងគុណភាពសេវាសុខាភិបាលផ្នែក​ឯកជននេះ បានធ្វើឡើងតាមរយៈការបោសសម្អាតគ្លីនិកឯកជន​ដែលដំណើរការខុសច្បាប់ និងគ្មានជំនាញវិជ្ជាជីវៈខាងវេជ្ជសាស្ត្រ​ត្រឹមត្រូវ។

មន្រ្តីក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រសួងនេះ បានចាប់ផ្តើមចុះ​ពិនិត្យមើលគ្លីនិកខុសច្បាប់ និងការផ្សាយពាណិជ្ជកម្មគ្លីនិក ដែលនាំ​ឲ្យមានផលអាក្រក់ដល់សុខភាពប្រជាពលរដ្ឋ។ លោក សាន់ សារី​ប្រធាននាយកដ្ឋានមន្ទីរពេទ្យនៃក្រសួងសុខាភិបាលបានមានប្រសាសន៍​ថា ការសម្រេចនេះ​បានធ្វើឡើងក្រោយពេលដែលការព្យាបាលនៅ​ឯគ្លីនិកឯកជនកាន់តែបង្កផលអវិជ្ជមានដល់ប្រជាពលរដ្ឋ។

(សំឡេងលោក សាន់ សារី)

លោកបានបញ្ជាក់ថា គ្លីនិកនៅប្រទេសកម្ពុជាមានប្រមាណ២០០ ដែល​១០ភាគរយក្នុងចំណោមនោះ ពុំមានច្បាប់ត្រឹមត្រូវ។ មន្រ្តីក្រសួងសុខា​ភិបាលបានឲ្យដឹងថា ការអនុវត្តវិធានការណ៍ត្រួតពិនិត្យនេះបានធ្វើ​ឡើងបន្ទាប់​ពីគ្លីនិក​ឯកជន​កាន់តែ​បង្កផល​អាក្រក់​ដល់​​អ្នក​ជំងឺ​ទាំងក្មេង​ទាំងចាស់​​ពិសេសថ្មីៗនេះមានអ្នកជំងឺជា​បន្តបន្ទាប់បានស្លាប់ដោយ​ការធ្វេសប្រហែស និងខ្វះការទទួលខុសត្រូវ។

លោកប្រធាននាយកដ្ឋានមន្ទីរពេទ្យនៃក្រសួងសុខាភិបាលបានមាន​ប្រសាសន៍ថា ការចុះត្រួតពិនិត្យដើម្បីបិទគ្លីនិក​ខុសច្បាប់នេះ នឹង​ផ្តោតទៅលើការពិនិត្យ​កម្រិតសមត្ថភាពពេទ្យ បទពិសោធន៍ការងារ​ព្យាបាល ការប្រើថ្នាំដែលទទួលស្កាល់ដោយ​ក្រសួងសុខាភិបាល​និងគ្រូពេទ្យមិនចេះភាសាខ្មែរ​ដែលអាចប៉ះពាល់ដល់ការព្យាបាល។

ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ការផ្សព្វផ្សាយពាណិជ្ជកម្មគ្លីនិក​ក៏បាននាំឲ្យ​ប្រជាពលរដ្ឋពីជនបទទទួល​រងគ្រោះខ្លាំងជាងគេ។

(សំឡេងលោក សាន់ សារី)

លោក សាន់ សារី បានបញ្ចាក់ថា ការផ្សាយពាណិជ្ជកម្មគ្លីនិកអាច​​ធ្វើទៅបានក្នុងលក្ខខណ្ឌត្រូវឆ្លងកាត់​ក្រសួង​សុខាភិបាល​ដើម្បិពិនិត្យ​មើល​លើលក្ខណៈវិជ្ជាជីវៈ។ លោកបានសំណូមពរ​ឲ្យវិទ្យុ និងទូរទស្សន៍​មេត្តាបញ្ឈប់ការផ្សាយ​ពាណិជ្ជកម្មគ្លីនិក​ដែលគ្មានការ​អនុញ្ញាតពី​ក្រសួងសុខាភិបាល​ដើម្បីជាប្រយោជន៍ជួយ​គាំពារសុខភាពប្រជាពលរដ្ឋ៕

(របាយការណ៍ដោយ សរ សុវណ្ណារ៉ា)