ស្រីមាយាដកខ្ញី
September 28, 2009 in Uncategorized by evannak
មានបុរសម្នាក់និងស្ត្រី ម្នាក់ជាប្ដីប្រពន្ធ នៅក្នុងស្រុកមួយ ប្ដីជាមនុស្សចិត្តត្រង់តែគ្មានប្រាជ្ញា ឯនាងប្រពន្ធនោះជាស្រីចិត្តមិនត្រង់នឹងប្ដី តែមានមាយាច្រើន ។
ថ្ងៃមួយនាងប្រពន្ធប្រាថ្នាចង់ជួបនឹងសាហាយ ណាស់ ដោយឃ្លាតគ្នាយូរហើយ តែមិនដឹងជាធ្វើដូចម្ដេចនឹងទៅជួបបាន ដោយភូមិនោះឆ្ងាយពីគ្នាបើដើរទៅគេថាខ្មោចលង ។ នាងប្រពន្ធក៏និយាយនឹងប្ដីខ្លួនថា “អ្នក! ល្ងាចនេះយើងគិតទៅរកទិញមាន់មួយ មកធ្វើស៊ីបានម្ដងអ្នកចង់ស៊ីទេ ?” ប្ដីតបវិញថា “ចង់ស៊ីដែរ” ។ ប្រពន្ធថា “ខ្ញុំចង់ស៊ីខួខ្ញី” ។ ប្ដីថា “អើ! អញក៏ចង់ស៊ីដែរ” ថា ហើយក៏បបួលគ្នាចុះដើរទៅរកទិញមាន់អ្នកស្រុកនៅភូមិជិតផ្ទះ សាហាយនោះ ។ ប្ដីនិងប្រពន្ធបបួលគ្នាសួររកទិញគ្រប់តែផ្ទះ ។ នាងប្រពន្ធដើរបែកពីប្ដីទៅជួបនឹងសាហាយវានិយាយកិច្ចកលផ្សេងៗ រួចមកជួបនឹងប្ដីវិញហើយប្រាប់ប្ដីថា “អ្នក! ផ្ទះឯណោះមានមេមាន់លក់ គេប្រាប់ខ្ញុំម៉ិញ” ។
ប្ដីព្រមទៅតាមប្រពន្ធប្រាប់ក៏ទិញបានមេមាន់មួយយួរត្រឡប់ទៅ ផ្ទះ វិញ ។ ពេលនោះជាពេលព្រលប់ទៅដល់ពាក់កណ្ដាលផ្លូវស្រាប់តែនាងប្រពន្ធ ធ្វើមាយាគក់ទ្រូងថា “ឪអ្នកអើយភ្លេចដូចគេលក់ទៅហើយ” ។ ប្ដីសួរថា “ភ្លេចអ្វី ?” ។ ប្រពន្ធថា “ភ្លេចដកខ្ញីទៅហើយអ្នក បើដូច្នោះអ្នកឯងនៅៗនេះសិនចុះខ្ញុំរត់ទៅវាឆាប់” ហើយ នាងនោះរត់ទៅ ។ ប្ដីក៏ឈរចាំប្រពន្ធ ។ ប្រពន្ធកាលណាឃ្លាតពីប្ដីហើយ ក៏គេចទៅជួបប្រុសសាហាយខ្លួន ហេតុតែរឭកសាហាយខ្លាំងណាស់ ក៏ប្រះដេកទៅដីមិនរកផ្ទះសម្បែងទេដោយប្រញាប់ទៅជួបប្ដីវិញ ។
ឯប្រុសសាហាយនោះក៏ទទួលភារៈនាងនោះទៅ រួចនាងនោះយកខ្ញីពីសាហាយហើយផ្ដាំថា “ល្ងាចនេះឲ្យអ្នកចាំមើល បើមានពេលស្រួលចូលទៅដេកម្ដងទៀតចុះ” និយាយ កិច្ចការសព្វគ្រប់ហើយ ក៏នាងនោះត្រឡប់មកឯប្ដីដើមវិញ ។ ដីដែលប្រះដេកនោះក៏នៅជាប់នឹងខ្នងមិនទាន់បោសនៅឡើយ ព្រោះដើរមកដោយប្រញាប់ លុះដើរមកដល់ប្ដីខ្លួនហើយក៏សើចក្អាកក្អាយនិយាយទៅកាន់ប្ដីខ្លួន ថា “បើអ្នកឃើញម៉ិញប្រហែលជាសើចដាច់ខ្យល់ហើយ” ។ ប្ដីសួរថា “សើចអ្វី ?” ។ ប្រពន្ធតបថា “ណែអ្នកមើលខ្នងខ្ញុំ បោសឲ្យបន្តិច ! ហ្នឹងហើយខ្ញុំដកខ្ញីទៅវារបូតដៃទាំងអស់មក ខ្ញុំដួលផ្ងារទៅក្រោយបះជើងច្រាង បានជាប្រឡាក់ខ្នងខ្ញុំអស់” ។ ប្ដីមិនដឹងក៏បោសខ្នងឲ្យប្រពន្ធទៅ រួចហើយនាំគ្នាដើរទៅផ្ទះ ធ្វើបាយនិងធ្វើមាន់ស៊ី ធ្វើរួចហើយពេលងងឹតស៊ីបាយរួច ប្រពន្ធនិយាយនឹងប្ដីថា “អ្នកផ្លុំប៉ីទៅខ្ញុំនឹងស្ដាប់” ប្ដីក៏យកប៉ីមកផ្លុំ ។ ប្រពន្ធដេកស្ដាប់ៗបន្តិចទៅក៏កិលមកដេកលើភ្លៅប្ដីហើយថា “ពិរោះណាស់អ្នក! អ្នកផ្លុំប៉ីមើលរន្ធដែរឬទេ ? បើអ្នកមិនមើលរន្ធ ធ្វើម្ដេចនឹងចាប់បើកបិទត្រូវទំនុក ?” ។ ប្ដីតបថា “ទេមិនបាច់មើលរន្ធទេ ព្រោះដៃចាំស្ទាត់ហើយចំណាំរន្ធផង” ។ ប្រពន្ធថា “បើដូច្នេះខ្ញុំបិទភ្នែកអ្នកទាំងពីរមើល អ្នកនៅតែផ្លុំពិរោះដូចដែលឬទេ ?” ។ ប្ដីតបថា “បិទចុះផ្លុំក៏នៅពិរោះដូចមុនដែរ” ។ ប្រពន្ធយកដៃបិទភ្នែកប្ដីខ្លួនទាំងពីររួចហើយក៏កន្ធែកជើងឲ្យ សាហាយនោះឃើញ ។ ប្រុសសាហាយឃើញសាហាយខ្លួនបិទភ្នែកប្ដីបាន ហើយកន្ធែកជើងឲ្យសញ្ញាដូច្នោះ ក៏ចូលទៅរួមសង្វាសនិងនាងនោះទៀត ។ លុះសាហាយនោះថយចេញ ទើបប្រពន្ធលែងបិទភ្នែកប្ដី ។ ប្ដីនោះក៏មិនដឹងដល់កិច្ចកលនោះឡើយ ។
ព្រោះហេតុនេះបានជាមានពាក្យបុរាណថា មាយាដកខ្ញី មានទាំងទំនុកច្រៀងថា ៖
ស្រីអើយនាងស្រី ស្រីទៅដកខ្ញី ដកដួលទាំងខ្លួន
កាលដកលើកមុន តូចតន់លាក់ខ្លួន ដកក្រោយបំពួន
ផ្ទួនឲ្យប្ដីស្លាប់ ប្ដីនាងអ្នកផ្លុំ នាងសុំធ្វើត្រាប់
បន្ទរអឹងអាប់ ចប់បទអុំទូក ។
កុំពត់ស្រឡៅ កុំប្រដៅស្រីខូច
ប្រជុំរឿងព្រេងខ្មែរ ភាគ១




